វីយ៉ានៅទីនេះដើម្បីឆ្លើយតបរាល់សំណួររបស់អ្នកដែលទាក់ទងទៅនឹងសុខភាពផ្លូវភេទ។
👩⚕️ អ្នកជំនាញដែលអ្នកអាចជឿជាក់បាន:
វីយ៉ា ធ្វើការសហការជាមួយអ្នកជំនាញ ដែលមានចំណេះដឹង និងឯកទេសផ្នែកសុខភាពផ្លូវភេទ ដើម្បីផ្តល់ការពិគ្រោះនូវកង្វល់របស់អ្នក។ សុខុមាលភាពរបស់អ្នក គឺជាអាទិភាពសំខាន់បំផុតរបស់វីយ៉ា។
📝 ប្រសិនបើអ្នកមានសំណួរណាមួយដែលមិនមាននៅក្នុងកម្រងសំណួររបស់យើង សូមបញ្ជូនសំណួរទាំងនោះតាមរយៈទម្រង់ខាងក្រោម។ គ្រប់គ្រងសុខភាពបន្តពូជរបស់អ្នក ដោយក្រេបយកចំណេះដឹងសំខាន់ៗអំពីសុខភាព ដើម្បីអាចឱ្យអ្នកធ្វើការសម្រេចចិត្តអំពីសុខភាពរបស់ខ្លួនដោយមានទំនុកចិត្ត!🌟
ដើម្បីឲ្យមានទំនាក់ទំនងផ្លូវភេទកាន់តែល្អជាមួយដៃគូ អ្នកគួរកំណត់ពេលវេលាណាមួយ ដើម្បីពិភាក្សាគ្នា អំពីអ្វីដែលអ្នកនិងដៃគូចង់ឬមិនចង់បាន ព្រមទាំងរកវិធីដើម្បីសម្របសម្រួលការចង់បានរបស់អ្នកទាំងពីរ។ សូមលើកយកសំណូមពរប្រកបដោយភាពវិជ្ជមាន ដោយជៀសវៀងការស្តីបន្ទោស ឬត្អូញត្អែរពីបញ្ហាដែលកំពុងជួប។ សូមនិយាយដោយស្មោះត្រង់អំពីអ្វីដែលអ្នកចង់បាន ហើយសូមកុំបង្ខំដៃគូធ្វើអ្វីដែលគាត់មិនចង់ធ្វើ។ បើកចិត្តឱ្យទូលាយចំពោះគំនិតរបស់ដៃគូអ្នក និងសម្របសម្រួលប្រសិនបើគំនិតរបស់អ្នកមិនស្របគ្នា។ សូមកុំទុកឱ្យដៃគូរស្មានចិត្តរបស់អ្នក ដូចច្នេះសូមប្រាប់អំពីគំនិតរបស់អ្នកឱ្យច្បាស់លាស់ ។
ការបញ្ចេញទឹកកាមមុនពេលដល់ចំណុចកំពូលមិនមែនសុទ្ធតែមានមេជីវិតឈ្មោលទេ ដូចច្នេះវាពិបាកក្នុងការកំណត់ឱកាសដែលអាចមានផ្ទៃពោះបានកំរិតណា។ ប៉ុន្តែយើងដឹងថាឱកាសគឺមិនមែន០ភាគរយទេ។ប្រសិនបើអ្នកភ័យខ្លាចថាមានផ្ទៃពោះក្រោយពេលរួមភេទដោយមិនបានការពារ អ្នកអាចប្រើមធ្យោបាយពន្យារកំណើតបន្ទាន់បាន។
ការបញ្ចេញទឹកកាមតិចឬខ្សោយអាចបណ្ដាលមកពីកត្តាជាច្រើនដូចជា ភាពចាស់ ស្រ្តេស កម្រិតអរម៉ូនក្នុងខ្លួនទាប និងស្ថានភាពសុខភាពរបស់ប្រដាប់បន្តពូជ។ ការព្យាបាលបញ្ហានេះ មានដូចជាការផ្លាស់ប្ដូររបៀបរបបរស់នៅ និងការប្រើថ្នាំជាដើម។ អ្នកអាចមានការខ្មាស់អៀនក្នុងការនិយាយអំពីបញ្ហាផ្លូវភេទជាមួយវេជ្ជបណ្ឌិតដែលមានជំនាញ ប៉ុន្តែវេជ្ជបណ្ឌិតអាចជួយដោះស្រាយនិងព្យាបាលដើម្បីពង្រឹងការបញ្ចេញទឹកកាមរបស់អ្នកឲ្យប្រសើរឡើងវិញបាន។ អ្នកអាចទៅជួបវេជ្ជបណ្ឌិតជំនាញប្រសិនបើអ្នក៖
- មានការបញ្វេញទឹកកាមតិចឬខ្សោយជាងមុន
- ប្រដាប់ភេទមិនឡើងរឹង ឬរឹងមិនបានយូរ
- មានការឈឺចាប់ក្នុងអំឡុងឬក្រោយពេលរួមភេទ
- មានឈាមក្នុងទឹកកាម
- ទឹកនោមមានសភាពល្អក់ ក្រោយពេលអ្នកសម្រេចដល់ចំនុចកំពូលរួច
ការសម្រេចកាមដោយខ្លួនឯងមិនមែនជារឿងអាក្រក់នោះទេ។ ការសម្រេចកាមដោយខ្លួនឯងជារឿងធម្មតា និងជារឿងធម្មជាតិរបស់មនុស្សប្រុស ស្រីទាំងអស់គ្នា ដែលវាជួយយើងឲ្យដឹងពីអ្វីដែលខ្លួនប្រាណយើងចូលចិត្ត និងមិនចូលចិត្ត។ នៅក្នុងប្រទេសឬសាសនាខ្លះ មានការបើកទូលាយអំពីការសម្រេចកាមដោយខ្លួនឯង ហើយខ្លះទៀតមិនដូចច្នេះទេ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ រូបអ្នកខ្លួនឯងជាអ្នកសម្រេចចិត្តថាតើការសម្រេចកាមដោយខ្លួនឯងជាអ្វីដែលអ្នកគិតថាត្រឹមត្រូវឬអត់។ ប្រសិនបើអ្នកមានអារម្មណ៍មិនច្បាស់លាស់ សូមជជែកជាមួយមនុស្សដែលអ្នកទុកចិត្តបំផុតដើម្បីទទួលបានយោបល់អំពីប្រធានបទនេះ។
ការទទួលខុសត្រូវទៅលើសុខភាពផ្លូវភេទរួមមាន ការប្រើប្រាស់ស្រោមអនាម័យ ការមានដែគូតែមួយ និងការសម្អាតឧបករណ៍កម្សាន្តផ្លូវភេទជាដើម។ ការទៅពិនិត្យសុខភាពជាប្រចាំ និងពិគ្រោះជាមួយវេជ្ជបណ្ឌិតដែលមានជំនាញ នូវក្តីបារម្ភផ្សេងៗ គឺមានសារៈសំខាន់ណាស់ក្នុងការធ្វើរោគវិនិច្ឆ័យទៅលើបញ្ហាទាក់ទងនឹងទ្វារមាស។
សុខភាពផ្លូវភេទសំដៅទៅលើស្ថានភាពរាងកាយ អារម្មណ៍ ផ្លូវចិត្ត និងសុខុមាលភាពទាក់ទងនឹងផ្លូវភេទ។ សុខភាពផ្លូវភេទមានសារៈសំខាន់ដោយសារវារួមចំណែកដល់សុខុមាលភាពទូទៅ ការគោរពខ្លួនឯង និងទំនាក់ទំនងដៃគូផងដែរ។
ការរក្សាសុខភាពផ្លូវភេទឲ្យបានល្អ រួមមានការរួមភេទដោយការព្រមព្រៀងគ្នា ការពិនិត្យសុខភាពជាប្រចាំ និងការពិភាក្សាដោយបើកចំហរជាមួយដៃគូ។ ប្រើមធ្យោបាយការពារការឆ្លងជំងឺកាមរោគ ឬការមានផ្ទៃពោះដោយចៃដន្យ។ ទៅរកពេទ្យេជំនាញជាបន្ទាន់ប្រសិនបើអ្នកមានការសង្ស័យអ្វីមួយ។ ស្វែងយល់ឱ្យបានច្រើនអំពីបញ្ហាសុខភាពផ្លូវភេទ។
ស្រ្តេស និងសុខភាពផ្លូវចិត្តអាចប៉ះពាល់សុខភាពផ្លូវភេទបាន។ ការថប់បារម្ភ (anxiety) ការបាក់ទឹកចិត្ត (depression) និងការបញ្ហាផ្លូវចិត្តផ្សេងៗទៀត អាចប៉ះពាល់ដល់ចំណង់ផ្លូវភេទ ។ ការពិគ្រោះយោបល់និងស្វែងរកជំនួយសម្រាប់បញ្ហាផ្លូវចិត្ត អាចមានឥទ្ធិពលល្អដល់សុខុមាលភាពផ្លូវភេទ។
អ្នកគួរបើកចិត្តពិភាក្សាជាមួយដៃគូរបស់អ្នកអំពីអ្វីដែលអ្នកចង់ ឬមិនចង់បាន សាកល្បងសកម្មភាពផ្លូវភេទផ្សេងៗ សាកធ្វើអ្វីដែលថ្មី ឱ្យអាទិភាពទៅលើការបំបោសអង្អែល និងអាទិភាពទៅលើសុខភាពនិងសុខុមាលភាពរបស់អ្នក។
ការផ្លាស់ប្ដូររបៀបរស់នៅអាចជួយបង្កើនចំណង់ផ្លូវភេទ ដូចជាការគ្រប់គ្រងភាពតានតឹង គេងឲ្យបានគ្រប់គ្រាន់ ការគ្រប់គ្រងរបបអាហារប្រចាំថ្ងៃ និងការព្យាបាល ប្រសិនបើអ្នកមានបញ្ហាសុខភាពណាមួយ។ សូមពិគ្រោះជាមួយអ្នកជំនាញផ្នែកសុខភាព ដើម្បីដោះស្រាយបញ្ហាណាមួយដែលអ្នកមាន។
វិធីក្នុងការបង្ការការឆ្លងជំងឺកាមរោគ មានដូចជាការប្រើប្រាស់ស្រោមអនាម័យ ការទៅធ្វើតេស្តរកជំងឺកាមរោគ ដឹងពីប្រវត្តិរបស់ដៃគូរបស់អ្នក និងការពិចារណាទៅលើការចាក់វ៉ាក់សាំងការពារជំងឺខ្លះ ដូចជា ជំងឺមហារីកមាត់ស្បូនជាដើម។
ប្រសិនបើអ្នកមានការឈឺចាប់ក្នុងអំឡុងពេលរួមភេទ អ្នកចាំបាច់ត្រូវទៅជួបពិភាក្សាជាមួយអ្នកជំនាញដើម្បីស្វែងរកមូលហេតុ។ វាអាចបណ្ដាលមកពីមូលហេតុ ដូចជាការឆ្លងមេរោគ បម្រែបម្រួលអរម៉ូន ឬកត្តាផ្លូវចិត្ត។ ការព្យាបាលគឺអាស្រ័យទៅតាមមូលហេតុជាក់ស្ដែង។
អ្នកគួរបង្កើតបរិយាកាសមួយដែលនាំឱ្យដៃគូររបស់អ្នកពិភាក្សាដោយមិនមានការគិតបែបអវិជ្ជមាន បង្ហាញអំពីការចង់បាននិងក្តីបារម្ភផ្សេងៗរបស់អ្នកដោយបើកចំហរ និងស្តាប់ដៃគូររបស់អ្នកនិយាយដោយការយកចិត្តទុកដាក់ ហើយអ្នកទាំងពីរក៏អាចពិគ្រោះជាមួយអ្នកជំនាញអំពីទំនាក់ទំនងដៃគូរនិងផ្លូវភេទផងដែរ។
បណ្តាញទូរស័ព្ទសុខភាពស្ត្រី
ក្រុមការងារជំនាញរបស់យើងនៅទីនេះ ដើម្បីផ្តល់ការពិគ្រោះប្រកបដោយភាពវិជ្ជមាន ទៅលើប្រធានបទផ្សេងៗដូចជា៖
☑ ការពន្យារកំណើត
☑ ការបង្ករោគ/ ជំងឺឆ្លង
☑ ការមានផ្ទៃពោះ
☑ ការរំលូតសុវត្ថិភាព
☑ ផ្សេងៗទៀត

ចូលរួមជាមួយវីយ៉ា
រួមចំណែកនៅក្នុងការលើកកម្ពស់ទូទាំងពិភពលោកសម្រាប់សុខុមាលភាព និងសុខភាពផ្លូវភេទ
រួមគ្នា យើងអាចធ្វើឱ្យមានការផ្លាស់ប្តូរវិជ្ជមានដោយចូលរួមពិភាក្សាជុំវិញសុខភាពផ្លូវភេទ។ ចូលរួមជាមួយបេសកកម្មរបស់វីយ៉ា ដើម្បីបណ្តុះពិភពលោកមួយដែលផ្តល់អាទិភាពដល់សុខុមាលភាព និងសុខភាពរបស់ស្ត្រីគ្រប់រូប។
